អុញនោះ!!លើកនេះផ្លូវខូចគឺដោយសារតែការប្រែប្រួលអាកាសធាតុ លោកស្រី ម៉ម រមនា រដ្ឋលេខា…

84

ភ្នំពេញ​៖ ថ្ងៃ​អង្គារ ១០​កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៩ លោក​ជំទាវ ម៉​ម រម​នា រដ្ឋលេខាធិការ នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អញ្ជើញ​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដី​ពី​ការ​សិក្សា និង​ការ​វិភាគ​លើ​ផល​ចំណេញ​ខាត​(CBA) ខាង​ផ្នែក​សេដ្ឋកិច្ច​នៃ​ការ​បញ្ជ្រាប​ការងារ​បម្រែបម្រួល​អាកាសធាតុ​ទៅ​ក្នុង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពានដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី​នៃ​អង្គភាព​ទាំងអស់​ក្រោម​ឱវាទ​ក្រសួង​។ គោលបំណង​សំខាន់​នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​លើកកម្ពស់​ចំណេះដឹង​ពី​បរិបទ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ប៉ាន់ស្មាន​នូវ​ទំហំ​នៃ​ផលប្រយោជន៍​នៃ​គោលនយោបាយ​មួយ​ដែល​អាច​ផ្លាស់​ប្តូរ​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​វិភាគ​ចំណាយ និង​ផល​ចំណេញ បង្ហាញ​អំពី​របៀប​នៃ​ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​ដែល​អាច​បង្កើន​ផល​ចំណេញ​សុទ្ធ និង​ពិចារណា​លើ​ការ​រៀបចំ​សំណើ​ថវិកា​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។





លោក​ជំទាវ​រដ្ឋលេខាធិការ​បាន​មាន​ប្រសាសន៍​ថា​៖ ការ​ប្រែប្រួល​អាកាសធាតុ ជា​បញ្ហា​អន្តរ​វិស័យ ហើយ​វិស័យ​សាធារណការ និង​ដឹក​ជញ្ជូន ជា​វិស័យ​មួយ​ដែល​ទទួល​រង​ផល​ប៉ះពាល់​តាម​រយៈ​ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​នានា ដែល​រាជរដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកាជាតិ ថវិកា​ជំនួយ និង​កម្ចី​ពី​អន្តរជាតិ ដើម្បី​ធ្វើការ​ជួសជុលស្ដារ​ឡើង​វិញ​។ ជាក់ស្ដែង​ទឹកជំនន់​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខេត្ត​មួយ​ចំនួន ដូច​ជា​ខេត្ត​ព្រះ​សីហ​នុ កំពត ពោធិសាត់ ស្ទឹង​ត្រែង រតនគិរី បណ្ដាល​ឱ្យ​ផ្លូវថ្នល់ ស្ពាន ទទួល​រង​ការ​ខូចខាត និង​ផ្អាក​ចរាចរណ៍​ការ​ជា​បណ្ដោះ​។ ជាមួយ​គ្នា​នោះ​ផង​ដែរ ថ្លែង​ក្នុង​ឱកាស​បិទ​សិក្ខាសាលា ឯកឧត្ដម សឿ​ន ប៊ុ​ន​លី អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ផែនការ និង​គោលនយោបាយ​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនបាន​មាន​ប្រសាសន៍​ថា​៖ ក្នុង​រយៈពេល​១​ថ្ងៃ​ពេញ​នេះ អង្គ​សិក្ខាកាម​បាន​រៀនសូត្រ​នូវ​មេរៀន​គន្លឹះ​មួយ​ចំនួន​ដូច​ជា មូលដ្ឋាន​គ្រឹះ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ និង​វិទ្យាសាស្ត្រ​អាកាសធាតុ ចំណុច​ប្រទាក់​គ្នា​រវាង​ការ​ប្រែប្រួល​អាកាសធាតុ និង​គោលនយោបាយ​សាធារណៈ ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​មក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន វិធីសាស្ត្រ​វិភាគ​ចំណាយ និង​ផល​ចំណេញ​លើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។




ឯកឧត្ដម​អគ្គនាយក​បាន​បន្ថែម​ថា​៖ អង្គ​សិក្ខាសាលា​ក៏​បាន​លើកយក​នូវ​លំ​ហាត់​ករណី​សិក្សា លើ​ការ​វិភាគ​លើ​ផល​ចំណេញ​-​ខាត​(CBA)​ខាង​ផ្នែក​សេដ្ឋកិច្ច​នៃ​ការ​បញ្ជ្រាប​ការងារ​ប្រែប្រួល​អាកាសធាតុ​ទៅ​ក្នុង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្នុង​ការ​ប្រៀបធៀប​ពី​អត្ថប្រយោជន៍​រវាង​ការ​វិនិយោគ ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​គិតគូរ​ពី​ស្ថានភាព​ដែល​មានការ​ប្រែប្រួល​អាកាសធាតុ និង​គ្មាន​ការ​ប្រែប្រួល​អាកាសធាតុ​។ ឯកឧត្ដម​អគ្គនាយក បាន​សម្ដែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម​យ៉ាង​ផុសផុល​ពី​សំណាក់​សិក្ខាកាម​ទាំងអស់​ដែល​បាន​ចូលរួម​ជា​មតិយោបល់​សួរ​សំណួរ​-​ចម្លើយ និង​ពិភាក្សា ក្រោម​ការ​សម្របសម្រួល​របស់​វាគ្មិន ដែល​ធ្វើ​ឱ្យ​សិក្ខាសាលា​មាន​ភាព​រស់​រវើក និង​សកម្មនឹង​សង្ឃឹមថា​ខ្លឹមសារ​នៃ​សិក្ខាសាលា​នេះ គឺ​ពិតជា​ផ្ដល់​នូវ​ចំណេះដឹង និង​ជា​មូលដ្ឋាន​ក្នុង​ការ​ពិចារណា សម្រេចចិត្ត សម្រាប់​ការ​វិនិយោគ​លើ​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន ដែល​មាន​ភាព​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ដោយ​ផ្អែក​លើ​ការ​វិភាគ​ផ្នែក​សេដ្ឋកិច្ច ឆ្លើយ​តប​ទៅ​នឹង​ការ​រំពឹង​ទុក​របស់​សិក្ខាកាម​ទាំងអស់​ផង​ដែរ។