សម្ដេចតេជោ៖ ការយាងសោយទិវង្គតរបស់សម្តេចរាជបុត្រីនរោត្តម បុប្ផាទេវី គឺជាការបាត់បង់តួអង្គពហុជំនាញក្នុងវិស័យវប្បធម៌

119

(ភ្នំពេញ)៖ ក្នុងសារលិខិតចូលរួមរំលែកព្រះមរណទុក្ខ ចំពោះថ្វាយសម្តេចម៉ែ ក្នុងការបាត់បង់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែង​ក្តី​សង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថា៖ ការបាត់បង់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ដ៏ធំធេងបំផុត នូវតួអង្គពហុជំនាញក្នុងវិស័យវប្បធម៌ អរិយធម៌ខ្មែរ ជាដួងព្រលឹងរឹងមាំខ្លាំងក្លា ពិសេសតាំងពីសម័យសង្គមរាស្ត្រនិយម។​​ សម្តេចតេជោ៖បានបន្ថែមទៀតថា ព្រះរាជបុត្រី អង្គព្រះមហាក្សត្រដ៏ឆ្នើមព្រះនាម នរោត្តម បុប្ផាទេវី ដ៏ស្រស់ល្វន់ល្វៃទ្រង់ពេញព្រះហឬទ័យនឹងនាដកា ជាអង្គតួឯករបាំអប្សរា លើកតម្កើនវប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន ល្បីល្បាយរន្ទឺទូទាំងសកលលោក។

គួរជម្រាបថា៖ សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦​ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយព្រះរោគាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។