ចោរប្លន់៥នាក់បានជិះម៉ូតូ២គ្រឿងដេញតាមកៀរប្លន់យកម៉ូតូ១គ្រឿងពីនាងកម្មការិនីម្នាក់បានសម្រេច

154

ភ្នំពេញ៖ ចោរប្លន់៥នាក់បានជិះម៉ូតូ២គ្រឿងដេញតាមកៀរប្លន់យកម៉ូតូ១គ្រឿងពីនាងកម្មការិនីម្នាក់បានសម្រេច រួចបានជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព និងបានបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង៤០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវលំខាងត្បូងវត្តស្រះស្រង់នៅក្នុងភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ស្រ្តីរងគ្រោះខាងលើនេះមានឈ្មោះធឹម ស្រីនិច អាយុ៣២ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ជាស្រីមេម៉ាយមានកូន២នាក់ នៅក្នុងបន្ទុកគ្រួសារសព្វថ្ងៃមានទីលំនៅក្នុងភូមិសាឡូង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បាត់បង់ម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ខ្មៅពាក់ស្លាកលេខភ្នំពេញ1GZ-3242 ។

តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុនាងបានជិះម៉ូតូ១គ្រឿងតែម្នាក់ឯងចេញពីផ្ទះទៅធ្វើការនៅរោងចក្រកាត់ដេរមួយកន្លែងស្ថិតនៅមុខសាលាក្ដីខ្មែរក្រហម តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុចោរទាំង៥នាក់បានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច១គ្រឿង និងម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿងដេញតាមពីក្រោយនាង ។

ប្រភពដដែលបានបន្តថា លុះពេលតាមទាន់ក៏បានធ្វើសកម្មភាពកៀរឲ្យដួលរួចច្រាននាងចេញពីម៉ូតូបន្ទាប់មកបានលើកយកម៉ូតូនាងជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាពតែម្ដង ហើយនាងមិនបានដឹងថាក្រុមចោរមានកាំភ្លើងឬអត់នោះទេ ។ ប៉ុន្តែពិតជាធ្វើឲ្យនាងមានការភ័យខ្លាចខ្លាំងណាស់ ហើយម៉ូតូនេះគឺនាងបានខ្ចីលុយធនាគាទិញសម្រាប់ជិះទៅធ្វើការរកលុយចិញ្ចឹមកូនហើយមិនទាន់ទាំងសងលុយគេរួចនៅឡើយទេ បែរជាពេលនេះត្រូវចោរប្លន់យកទៅបាត់។ ក្រោយពេលកើតហេតុបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងហើយនគរបាលប៉ុស្តិ៍កំបូលរួមជាមួយកម្លាំងប្រជាការពារភូមិបានចេញទៅអន្តរាគមន៍ពួនស្ទសក់គ្រប់កន្លែងដែរតែចោរនៅតែគេចបាត់ស្រមោល បន្ទាប់មកស្រ្តីរងគ្រោះបានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍កំបូលដើម្បីឲ្យនគរបាលជួយស្រាវជ្រាវ។
ប្រភព៖ ព័ត៌មានប្រចាំថ្ងៃ