មនុស្សជាង៣០០នាក់ក្នុងខេត្តបន្ទាយមានជ័យត្រូវបានពស់ពិសចឹក បណ្តាលអោយស្លាប់ និងរបួសជាបន្តបន្ទាប់

196

បន្ទាយមានជ័យ:ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ បានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា ក្នុងអំឡុងពេលជាង១១ខែ នាឆ្នាំ២០១៩នេះ មានមនុស្សប្រមាណជាង៣០០នាក់មកហើយ ក្នុងខេត្តបន្ទាយមានជ័យ បានរងរបួស និងស្លាប់ជាបន្តបន្ទាប់ បើទោះបីជាបច្ចុប្បន្ន នៅក្នុងមន្ទីរពេទ្យមានថ្នាំបន្សាបពិសពស់ក៏ដោយ ក៏ពួកគាត់នៅតែពុំមានទំនុកចិត្តថាអាចគេចផុតពីគ្រោះថ្នាក់បាននោះឡើយ។ បើតាមទិន្នន័យមន្ទិរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី និងមន្ទិរពេទ្យបង្អែកស្រុកថ្មពួក ដែលជាពេទ្យទទួលសង្គ្រោះ ពិនិត្យ និងព្យាបាលជនរងគ្រោះត្រូវពស់ចឹកច្រើនជាងគេ ក្នុងជាង១១ខែនៃឆ្នាំ ២០១៩ មានអ្នករងគ្រោះដោយពស់ពឹសចឹកចំនួន៣០៣នាក់/ស្រី៨១នាក់ ឬក្នុង១ថ្ងៃមានមនុស្សម្នាក់ត្រូវពស់ចឹក ។

លោកវេជ្ជបណ្ឌិតចន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីបានអោយអ្នកសារព័ត៍មានដឹងថា:មន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនករណី ពស់ពឹសចឹកមានចំនួន១៥២នាក់/ស្រី៤៤នាក់ មកទទួលសេវាសង្គ្រោះពិនិត្យព្យាបាល។ ក្នុងនោះ អ្នករងគ្រោះច្រើនជាងគេមកពីតំបន់ទំនាបលិចទឹកប៉ែកខាងកើត និងខាងត្បូង។ ចំណែកលោកវេជ្ជបណ្ឌិត ញ៉ែម ភីរម្យ ប្រធានមន្ទីរពេទ្យបង្អែកស្រុកថ្មពួកបានអោយដឹងដែរថា:រយះពេល១១ខែឆ្នាំ២០១៩នេះ មានអ្នករងគ្រោះដោយពស់ពឹសចឹកមានចំនួន១៥១នាក់/ស្រី៣៧នាក់ មកទទួលសេវាសង្គ្រោះពិនិត្យព្យាបាលនៅមន្ទុីរពេទ្យនេះ ។ក្នុងនោះ អ្នករងគ្រោះភាគច្រើនជាងគេគឺមកពីតំបន់ទីទួល ខ្ពង់រាប និងជួរភ្នំ នៅប៉ែកខាងកើត ខាងជើងនិងខាងលិច ។

លោកវេជ្ជបណ្ឌិតរូបនេះបន្តថា:ប្រភេទពឹសពស់ដែលពស់ចឹកមានប្រភេទហូរឈាម(Hemorahgique) (ដែលធ្វើអោយហូរឈាមខ្សោះរហូតអស់ពីខ្លួន) និងប្រភេទសរសៃប្រសាទ(Neurologique)(ដែលធ្វើអោយងងុយដេក ស្ពឹកស្រពន់ វិលមុខ ឈឺក្បាល សន្លប់..)។ហើយពស់ដែលចឹងហើយមានអាការះចឹង ច្រើនជា ពស់ស្រកាចាស់ ពស់វែកដំបូក ពស់វែកក្របី ពស់ហនុមាន ក្រៅពីនោះមាន ពស់ខៀវ ពស់ក្រាយ (ឬហៅ ពស់ជីជា ឬពស់ថ្នាំងអំពៅ) និងពស់ប្រភេទពស់ផ្សេងទៀត។ បើតាមជនរងគ្រោះ និងបងប្អូនជនរងគ្រោះដែលត្រូវពស់ចឹក គាត់ថាកន្លែងដែលត្រូវពស់ចឹកភាគច្រើនគឺនៅតាមមាត់ទឹក ក្នុងព្រៃ វាលស្រែចម្ការ ក្រោមកណ្តាប់ស្រូវ ក្បែរគំនរមើមដំឡូងមី ក្បែរពាងទឹក ក្នុងនិងក្រៅផ្ទះ ។ល។ ក្រៅពីអ្នករងគ្រោះដោយសារពស់ចឹកហើយ ក៏មានជាអ្នកដើររក និងចាប់ពស់ អ្នកដើររកកណ្តុរ អ្នកដើររកត្រី និងរកឈើ ។

លោកវេជ្ជបណ្ឌិត ចន្ទ វិឌ្ឍីណាវុឌ្ឍ ក៏ដូចជាលោកវេជ្ជបណ្ឌិត ញ៉ែម ភីរម្យ បាននិយាយថា:អំពីការឆ្លើយ តបសង្គ្រោះ ដោយក្រសួងសុខាភិបាលបានទម្លាក់ថ្នាំប្រឆាំងពឹសពស់គ្រប់គ្រាន់មកអោយមន្ទីរពេទ្យទុកសម្រាប់សង្គ្រោះ ពិនិត្យ និងព្យាបាលជនរងគ្រោះ ធ្វើ អោយពលរដ្ឋដែលរងគ្រោះដោយពស់ចឹកត្រូវបានជួយសង្រ្គោះលើកលែងតែជនរងគ្រោះដែលរងគ្រោះហើយមិនព្រមមករកសេវាពេទ្យរដ្ឋទាន់ពេលវេលាដោយយកទៅរកគ្រូខ្មែរមុន។ បញ្ហាដែលរងគ្រោះពស់ចឹកហើយមិនមករកពេទ្យរដ្ឋទាន់ពេល គ្រូពេទ្យបានព្រមានថា បើមានករណីពស់ចឹក ត្រូវបញ្ជូនមកដល់មន្ទីរពេទ្យអោយបានមុន៣ ម៉ោង នោះទើបការសង្គ្រោះសង្ឃឹមជោគជ័យ។ ហើយសូមចាំថា:បើមានករណីពស់ចឹកកុំបញ្ជូនទៅគ្លីនិចឯកជន ព្រោះថ្នាំប្រឆាំងពឹសពស់មានតែនៅក្នុងមន្ទុីរពេទ្យរដ្ឋតែប៉ុណ្ណោះ គឺមាននៅគ្រប់ខេត្តទូទាំងប្រទេសកម្ពុជាផងដែរ។

អត្ថបទ៖ Mrr charndy