Lenovo ​ព្រមាន​ថា​ នឹង​ដំឡើងថ្លៃ​ផលិតផល បើ​ពន្ធ​របស់​អាមេរិក​នៅតែ​បន្ត​កើន​ឡើង

34

ក្រុមហ៊ុន Lenovo Group របស់​ចិន​ដែលជា​ទីផ្សារ​ផលិត​កុំព្យូទ័រ​ធំ​បំផុត​របស់​ពិភពលោក​បាន​ព្រមាន​ថា ខ្លួន​នឹង​ដំឡើងថ្លៃ​ផលិតផល​របស់ខ្លួន ប្រសិនបើ​ពន្ធ​របស់​អាមេរិក​នៅតែ​បន្ត​កើនឡើង ដែល​បណ្តាលឱ្យ​ភាគហ៊ុន​របស់ខ្លួន​ធ្លាក់ចុះ​ដល់​៦,៥% ក្នុង​រយៈពេល​២​ខែ​ដែល​ធ្លាក់​ខ្លាំង​បំផុត។

ការព្រមាន​របស់​ក្រុមហ៊ុន Lenovo នេះ​ធ្វើឡើង​ស្រប​ពេលដែល​ភាពមិនប្រាកដប្រជា​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ចេះតែ​កើនឡើង ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង ចិន​ធ្វើឱ្យមាន​ភាពមន្ទិលសង្ស័យ​លើ​ទស្សនវិស័យ​នៃ​ការលក់​របស់ខ្លួន។

លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​បាន​ថ្លែង​នៅ​សប្ដាហ៍​នេះ​ថា លោក​នឹង​ផ្អាក​ការដាក់​ពន្ធ​បន្ថែម​លើ​មុខទំនិញ​ដែល​ផលិត​នៅ​ចិន​រួមទាំង Tablet និង Laptop រហូតដល់​ខែធ្នូ ប៉ុន្តែ​ថា​នឹង​នៅតែ​ដាក់​ពន្ធ​លើ​មុខទំនិញ​កុំព្យូទ័រ​លើ​តុ​ចាប់ពី​ខែកញ្ញា​នេះ​តទៅ។

ប្រធាន​ក្រុមហ៊ុន Lenovo លោក Yang Yuanqing បានឱ្យដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា “​តម្លៃ​លក់រាយ​សម្រាប់​ផលិតផល​ដូចជា កុំព្យូទ័រ និង​ស្មា​ត​ហ្វូ​ន​អាច​នឹងត្រូវ​ដំឡើងថ្លៃ បើ​ពន្ធ​អាមេរិក​នៅតែ​បន្ត​កើនឡើង។”

លោក​បាន​បន្ថែមថា ការប្ដូរ​រោងចក្រ​ផលិត​ចេញពី​ប្រទេស​ចិន​ដើម្បី​ជៀសផុត​ពី​ពន្ធ​របស់​អាមេរិក​ក៏​នឹង​អាច​នាំឱ្យ​ផលិតផល​របស់​ក្រុមហ៊ុន​ឡើងថ្លៃ​ផងដែរ ទោះបីជា​សង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន Lenovo នៅ​ទូទាំង​ពិភពលោក​បង្កើតឱ្យមាន​ភាពបត់បែន​ក្នុងការ​ធ្វើការ​កែតម្រូវ​ក៏ដោយ ហើយ​ក្រុមហ៊ុន​នៅតែ​បន្ត​ប្ដេជ្ញាចិត្ត​ចំពោះ​ប្រទេស​ចិន​ដដែល។

អ្នកវិភាគ​ឧស្សាហកម្ម​បាន​និយាយថា ទីផ្សារ​កុំព្យូទ័រ​ជា​សាកល​បាន​កើនឡើង​១,៥% នៅ​ត្រីមាស​ក្នុង​ខែមិថុនា បន្ទាប់ពី​បាន​ធ្លាក់ចុះ​អស់​រយៈពេល​២​ត្រីមាស​ជាប់​គ្នា ដោយសារតែ​ការគំរាមកំហែង​នៃ​ការដំឡើង​ពន្ធ​របស់​អាមេរិក​លើ​ទំនិញ​របស់​ចិន​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ផលិត​មួយចំនួន​ដឹកជញ្ជូន​ចេញ​មុនពេល​កំណត់៕