ព្រះអើយ ខែ​១១​នេះ​ ត្រូវ​ភ្ជាប់​ពាក្យ​​ហើយ ស្រាប់​តែ​សង្សារ​តារា​សម្តែង​ សួង ស៊ី​ធឿន ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​

75

ស្នេហា​នៅ​ក្នុង​លោក​យើង​នេះ មិន​ថា​ប្រុស ឬ ស្រី ទេ រមែង​តែង​ចង់​ជួប​ស្នេហា​ស្មោះត្រង់ ហើយ​បាន​ឈាន​ដល់​ការ​រៀប​អាពាហ៍ពិពាហ៍។

យ៉ាងណាមិញ ទាក់ទង​នឹង​រឿង​ស្នេហា​នេះ​ដែរ កាលពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៩ នេះ ក្រោយ​បុរស​ជា​សង្សារ​របស់​តារា​សម្ដែង​ស្រី​សួង ស៊ី​ធឿន ជួប​រឿង​ដ៏​ក្ដុកក្ដួល​រំជួលចិត្ត​សឹង​មិន​គួរ​ឲ្យ​ជឿ​បែប​នេះ​បានធ្វើ​ឲ្យ​បងប្អូន និង សាច់ញាតិ​ជា​ច្រើន​កើត​ទុក្ខ និង សង្វេគ​យ៉ាង​ខ្លាំង។

ពាក់ព័ន្ធ​នឹង​រឿង​រន្ធត់​ខាងលើ​នេះ បាន​ធ្វើ​ឲ្យ​តារា​ស្រី​ សួង ស៊ី​ធឿន​ យំសោក ពិបាកចិត្ត នឹក​ស្តាយ​សង្សារ​ជា​ខ្លាំង ហើយ​បាន​បង្ហោះ​រូបភាព​ ព្រមទាំង​សារ​ដ៏​ខ្លី​ថា​ ៖ “​កុំ​ខ្លាច​ណា​បង​ អូន​នៅ​ជិត​បង ខែ​១១​យើង​ភ្ជាប់ពាក្យ​”​។

ក្នុង​នោះ​ដែរ បើ​តាម​ការ​ឲ្យ​ដឹង​បន្ថែម នៅសល់​ប្រមាណ​ជាង​២​ខែ​ទៀត​ប៉ុណ្ណោះ តារា​សម្តែង​ស្រី​ល្បី​ឈ្មោះ​ កញ្ញា សួង ស៊ី​ធឿន ​ត្រូវ​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​ជាមួយ​លោក យ៉ង់ សុ​ដា​រ៉ា ដែល​ជា​គូស្នេហ៍​ហើយ​។ ហើយ​មុន​ភ្ជាប់​ពាក្យ ​តារា​ស្រី​រូប​នេះ​ បានបង្ហាញ​រូបភាព​ផ្អែមល្ហែម​ដោយ​បើកចំហ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក រហូត​ធ្វើ​ឲ្យ​មានការ​កោតសរសើរ​ខ្លាំង​ពី​ស្នេហា​ផ្អែមល្ហែម​មួយ​នេះ ប៉ុន្តែ​ពិតជា​មិន​គួរ​ឲ្យ​ជឿ​ ដែល​អនាគត​គូ​ដណ្តឹង​របស់​នាង​បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ ក្រោយ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ៕​