គួរអោយអាសូរណាស់បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់…

274

បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត នៅវេលាម៉ោង5 និង25នាទីព្រឹកថ្ងៃទី 19 ខែកញ្ញាឆ្នាំ 2019 នៅតាមបណ្ដោយផ្លូវជាតិលេខ 5ត្រង់ចំនុចមុខការាស់សាំងតេលាស្ថិតក្នុងភូមិអូរតានេះឃុំរលារប្អៀរស្រុករលារប្អៀរ។ ជនរងគ្រោះដែលបាត់បង់ ជីវិតក្នុងហេតុការណ៍ខាងលើនេះឈ្មោះសាង ពៅ អាយុ 28 ឆ្នាំ ជាតៃកុងរថយន្ត មានទីលំនៅក្នុងភូមិជុំហ្នឹង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ត បាត់ដំបង ក្រោយ ពេលកើតហេតុជនរងគ្រោះត្រូវបានមិត្តភ័ក្កិដែលរួមដំណើរជាមួយ ជួលរថយន្តដឹកយកទៅស្រុកកំណើតឯខេត្តបាត់ដំបង តាំងពីព្រឹកព្រលឹមផងដែរ។


ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តសឺមីសណ្ដោងរម៉កមួយគ្រឿងម៉ាក FOSO ពណ៌សពាក់ស្លាកលេខតាកែវ 3A-1400 បើកបរពីទិសខាងជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើក៏បានទៅបុករថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីណូពណ៌សពាក់ស្លាកលេខកំពង់ចាម 3A-2767 ដែលខូចឈប់ចតលើផ្លូវជាតិពីក្រោយ ក្នុងដំណើរស្របទិសគ្នាបណ្តាលឲ្យស្លាប់មនុស្សម្នាក់ ដែលជាតៃកុងរថយន្ត FOSO នៅនឹងកន្លែងកើតហេតុ បង្កឲ្យរថ យន្ត 2គ្រឿងខូចខាតធ្ងន់និងស្រាលផងដែរ។


ដោយឡែកម្ចាស់រថយន្តដែលខូច ហើយឈប់ចតនៅលើផ្លូវខាងលើនេះក៏បានឲ្យដឹងដែរថា រថយន្តរបស់គាត់ដោយមានការរអាក់រអួលក្នុងការធ្វើដំណើរ គាត់ក៏បានឈប់រថយន្ត ចតនៅទល់មុខការ៉ាសសាំងតេលានេះមួយភ្លែត ដើម្បីធ្វើការជួសជុលនិងបន្តដំណើរទៅមុខទៀត ព្រោះដោយសារតែទីនេះគឺជាកន្លែងមានភ្លើងរបស់ការាស់សាំងបំភ្លឺ វាងាយស្រួលក្នុងការបង្កលក្ខណៈដល់អ្នកធ្វើដំណើរ មើលឃើញជៀសវាងការគ្រោះថ្នាក់ដោយយថាហេតុ ដោយគាត់ទើបតែចតបានតែ១០ ទៅ១៥នាទីតែប៉ុណ្ណោះ ក៏ត្រូវរថយន្តខាងលើបើកមកបុករថយន្តរបស់គាត់ពីក្រោយពេញទំហឹង បណ្ដាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះតែម្ដង។ រថយន្តទាំង 2គ្រឿងត្រូវបានសមត្ថកិច្ចអូសយកមករក្សា ទុកនៅអធិការដ្ថាននគរបាលស្រុករលារប្អៀររងចាំធ្វើការដោះស្រាយតាមនីតិវិធី៕